ក្ដីស្រមៃនៅក្នុងជីវិតនៃការសិក្សារបស់សិស្សគ្រប់រូប គឺការដែលទទួលបាននូវលទ្ធផលមួយដែលជាទីគាប់ចិត្តរបស់ខ្លួន។ ជាមួយគ្នានេះដែរ ភាពជោគជ័យក្នុងការសិក្សាមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ។ វាទាមទារមហិច្ឆតា យុទ្ធសាស្រ្តផ្សេងៗដែលមានប្រសិទ្ធភាព ការខិតខំប្រឹងប្រែង វិន័យ និងការតស៊ូជាក់លាក់។ យុវសិស្ស ឌិត សិរីរ័ត្នមុនី ជាសិស្សមួយរូបនៃសាលា AIS ថ្នាក់ទី ១២«គ» បានបញ្ចប់ការសិក្សានៅក្នុងឆ្នាំសិក្សា ២០២៣~២០២៤ ដោយទទួលបាននិទ្ទេស A ក្នុងការប្រលង។ បទពិសោធន៍ និងយុទ្ធសាស្រ្តដែលបានជួយឱ្យនាងសម្រេចបានជៅគជ័យមានដូចខាងក្រោម
យុវសិស្ស ឌិត សិរីរ័ត្នមុនីបានលើកឡើងថា «ខ្ញុំត្រូវបង្ហាញពីមហិច្ឆតារបស់ខ្លួន ហើយមនុស្សត្រូវតែទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំ»។ ការសម្រេចបានលទ្ធផលមួយដែលអ្នកចង់បាន ត្រូវការការកំណត់គោលដៅច្បាស់លាស់ចំពោះអ្វីដែលអ្នកកំពុងព្យាយាមចង់បាន។ យុវសិស្ស ឌិត សិរីរ័ត្នមុនីក៏បានបញ្ជាក់បន្ថែមដែរថា «នៅក្នុងដំណើរជីវិតការសិក្សារបស់ខ្ញុំ ខ្ញុំបានជួបប្រទះនូវបញ្ហាជាច្រើន ប៉ុន្ដែកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនរួមមានគ្រួសារ និងលោកគ្រូអ្នកគ្រូ បានជំរុញឱ្យខ្ញុំអាចឆ្លងផុតបញ្ហាទាំងនោះ និងសម្រេចដល់គោលដៅរបស់ខ្ញុំ»។ ការយកចិត្តទុកដាក់ក្នុងការសិក្សាជាកត្តាសំខាន់ណាស់ និងជាប្រយោជន៍សម្រាប់សិស្ស។ សិស្សានុសិស្សអាចស្វែងយល់បានលឿនចំពោះមេរៀន អាចអនុវត្តលំហាត់ផ្សេងៗ និងទទួលបានដំបូន្មានល្អៗពីការតាំងចិត្តស្ដាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ លើសពីនេះ ការអនុវត្តលំហាត់ និងរំឭកមេរៀនជាប្រចាំថ្ងៃ ជាទម្លាប់ដ៏ល្អមួយសម្រាប់ជួយដល់វឌ្ឍនាការការសិក្សារបស់សិស្ស។ ក្រៅពីម៉ោងសិក្សានៅសាលា សិស្សានុសិស្សត្រូវចេះបែងចែកពេលវេលាសម្រាប់ស្វ័យសិក្សាបន្ថែម ឬការពិភាក្សាជាកិច្ចការក្រុមដើម្បីសហការជាមួយមិត្តភក្តិ និងជួយគ្នាទៅវិញទៅមក។ ការគ្រប់គ្រងនិងបែងចែកពេលវេលាសម្រាប់ខ្លួនឯងក៏ជាកត្តាចាំបាច់មួយដែរ។ សិស្សានុសិស្សត្រូវចេះរៀបចំពេលវេលារៀនសូត្រឲ្យបានសមរម្យ និងមានពេលវេលាដើម្បីសម្រាកឲ្យបានគ្រប់គ្រាន់។ ជាចុងក្រោយ ការថែរក្សាសុខភាពផ្លូវចិត្ត ជាអ្វីដែលសំខាន់បំផុតសម្រាប់សិស្សគ្រប់រូប។ សិស្សានុសិស្សត្រូវប្រកាន់ចិត្តឲ្យបានរឹងមាំ ប្រឈមមុខនឹងឧបសគ្គផ្សេងៗដែលនៅចំពោះមុខ មិនព្រមចុះចាញ់ ឬអស់សង្ឃឹមឡើយ បើទោះបីជាមានបញ្ហាខ្លះអាចនឹងធ្វើឲ្យយើងបោះបង់ការខិតខំនោះក៏ដោយ។ ពិតណាស់ការយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្ត អាចរក្សាបាននូវចិត្តមនសិការរបស់សិស្សក្នុងការសិក្សាបាន។ ប៉ុន្ដែសំខាន់ជាងនេះទៅទៀត គឺវាជាកត្តាដែលធ្វើឲ្យសិស្សានុសិស្សមានសម្មាធិ ស្មារតី និងការផ្ដោតអារម្មណ៍បានយ៉ាងពេញលេញនៅពេលប្រលង។ ក្នុងនាមជាសិស្សដែលបានសម្រេចនូវការតាំងចិត្តរបស់ខ្លួន យុវសិស្ស ឌិត សិរីរ័ត្នមុនី ក៏បានលើកឡើងនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដូចជា
កំណត់គោលដៅ និងការតាំងចិត្តឲ្យបានច្បាស់លាស់
យកចិត្តទុកដាក់លើការបង្រៀនរបស់លោកគ្រូអ្នកគ្រូក្នុងម៉ោងសិក្សា
អនុវត្តលំហាត់ និងរំឭកមេរៀនជាប្រចាំ
ស្វ័យសិក្សា និងពិភាក្សាជាក្រុម
ស្វែងរកចំណុចខ្សោយ និងយុទ្ធសាស្ត្រសម្រាប់ខ្លួន
គ្រប់គ្រង និងបែងចែកពេលវេលាឲ្យមានប្រសិទ្ធភាព
ថែរក្សាសុខភាពផ្លូវចិត្តមុនពេល និងអំឡុងពេលប្រលងឲ្យបានរឹងមាំ។
ការសម្រេចបានលទ្ធផលដែលអ្នកបានខិតខំប្រឹងប្រែងស្វះស្វែង មិនត្រឹមតែបង្កើនកិត្យានុភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យគ្រួសារ សាលារៀន និងសង្គមមូលដ្ឋានមានមោទនភាពផងដែរ។ ទោះបីជាការសម្រេចបានជោគជ័យតម្រូវឲ្យមានមនសិការខ្ពស់ និងការប្តេជ្ញាចិត្តខ្លាំងក៏ដោយ ប៉ុន្តែសិស្សដែលខិតខំប្រឹងប្រែង ការអត់ធ្មត់ និងប្រើប្រាស់យុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព នឹងអាចទទួលបានលទ្ធផលដ៏សមប្រកបយ៉ាងពិតប្រាកដ។